ភ្នំពេញ ៖ នៅថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៩នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងអ្នកឧកញ៉ា គិត ធាង រួមទាំងបុគ្គលិក ព្រមទាំងអ្នកវិនិយោគជាច្រើននាក់ បានប្រារព្ធពិធី បញ្ចុះបឋមសិលា ចាប់ផ្តើមបុកគ្រឹះសាងសង់អគារអន្តរជាតិ Royal One ដែលជាអគារភ្លោះ មានកម្ពស់សរុប ៦៨ ជាន់ ក្នុងនោះ ៦ជាន់នៅក្រោមដី និង ៦២ជាន់ នៅលើអាកាស ។ អាគារភ្លោះអន្តរជាតិនេះ ប្រើប្រាស់ដើមទុនរហូតដល់ ២៣០លានដុល្លារអាមេរិក និង ចំណាយពេលសាងសង់៥ឆ្នាំ ។
អាគារពាណិជ្ជកម្ម Royal One ជាអាគារភ្លោះកម្ពស់ខ្ពស់ដាច់គេ ដែលបានជ្រើសរើសទីតាំងដ៏ល្អបំផុតនៅចំកណ្តាលរាជធានីភ្នំពេញ និងមានទីតាំងស្ថិតនៅកែងគ្នារវាងមហាវិថីសហព័ន្ធរុស្សី និង មហាវិថីព្រះមុនីវង្ស ជាអគារពាណិជ្ជកម្មសម្បូរបែប រួមមាន ខុនដូរ ផ្សារទំនើប សណ្ឋាគារ ក្លិបកំសាន្ត ក្លិបហាត់ប្រាណ ភោជនីយដ្ឋាន និង មជ្ឈមណ្ឌលកំសាន្តផ្សេងៗ ។ ជាពិសេស អគារភ្លោះនេះ នឹងផុសលរូបរាងឡើងក្នុងតំបន់ពាណិជ្ជកម្ម ដែលប្រជុំទៅដោយអគារខ្ពស់ៗ ដូចជា អគារកាណាឌីយ៉ា អគារវឌ្ឍនៈ និង អគារ Exchange Square ជាដើម សាងសង់លើផ្ទៃដីទំហំ ៤០៣៦ ម៉ែត្រការ៉េ ។
តំណាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានបង្ហាញភាពជឿជាក់យ៉ាងមុតមាំថា ក្រោយមានវត្តមានអគារភ្លោះដ៏ប្រណិតនេះផុសចេញជារូបរាងឡើង នឹងក្លាយជាចំណែកនៃមោទនភាពជាតិរបស់កម្ពុជា ដែលបង្ហាញអោយឃើញពីសមត្ថភាព និង ភាពរីកចំរើនរបស់ប្រទេស នៅលើឆាកអន្តរជាតិ។
អាគារអន្តរជាតិ Royal One នឹងត្រូវសាងសង់ដោយក្រុមហ៊ុនសំណង់ចិន Huashi Group ដែលជាក្រុមហ៊ុនសំណង់លំដាប់កំពូលនៅប្រទេសចិន មានបទពិសោធន៍ខ្ពស់ក្នុងការសាងសង់អាគារអន្តរជាតិ ។
មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា គំរោងនេះ ពិតជាបានចូលរួមចំណែកលើកកម្ពស់សោភ័ណភាព និងការអភិវឌ្ឍន៍រាជធានីភ្នំពេញ ផ្ដល់បទពិសោធន៍ល្អៗ ផ្នែកវិស្វកម្ម និងស្ថាបត្យកម្មដល់កម្ពុជា ។ គម្រោងអាគារអន្តរជាតិ Royal One នេះ ពិតជាកើតឡើងចំពេល ដែលកម្ពុជា កំពុងមានស្ថានភាពសេដ្ឋកិច្ចល្អ ស្ថេរភាពនយោបាយល្អ និងគោលនយោបាយ គាំទ្រពីរាជរដ្ឋភិបាលដល់អាជីវកម្ម។
គួរបញ្ជាក់ថា វិស័យសំណង់នៅកម្ពុជា បានរីកដុះដាលយ៉ាងឆាប់រហ័ស ក្នុងរយៈពេលជិត២ទសវត្សរ៍កន្លងមកនេះ ។
រាជរដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី បានសម្រេចអនុញ្ញាតឲ្យមានការសាងសង់សំណង់នៅទូទាំងប្រទេស ប្រមាណ ៤ម៉ឺន គម្រោង មានតម្លៃទុនវិនិយោគសរុបជាង ៤៣ពាន់លានដុល្លារអាមេរិក ក្នុងនោះ គម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើងទៅមានចំនួនជាង ១.២០០ អគារ និង លំនៅដ្ឋានលក្ខណៈបុរី មានចំនួន ២៣៥ ទីតាំង ៕
ប្រភព៖ https://mytvplus.com.kh