ឆ្នាំ២០១៩នេះក្រសួងអប់រំ យុវជន និងកីឡា មានគម្រោងជ្រើសរើសគ្រូក្របខណ្ឌ និងគ្រូស្ម័គ្រចិត្តកិច្ចសន្យាបន្ថែមទៀត ដើម្បីលើក កម្ពស់វិស័យអប់រំនៅតំបន់ដែនទឹកបឹងទន្លេសាប ខេត្តបាត់ដំបង។
នៅឯពិធីសម្ភោធដាក់ឲ្យប្រើប្រាស់នូវអគារសិក្សា ក្នុងស្រុកឯកភ្នំកាលពីចុងសប្តាហ៍កន្លងមកនេះ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ”ឆ្លើយតបតាមសេចក្តីត្រូវការដ៏ចាំបាច់និងយោងតាមសំណើររបស់អាជ្ញាធរស្រុកពិសេសមាតាបិតាសិស្ស នៅតំបន់បឹងទន្លេសាប ក្រសួងបានឯកភាពផ្តល់ឱកាសដល់បេក្ខភាពប្រឡងបំពេញក្របខណ្ឌគ្រូបង្រៀន និងគ្រូស្ម័គ្រចិត្តកិច្ចសន្យាទៅបង្រៀននៅក្នុងឃុំកោះជីវាំង និងឃុំព្រែកចាស់ ស្រុកឯកភ្នំខេត្តបាត់ដំបង ដើម្បីបំពេញតម្រូវការចាំបាច់សំដៅពង្រឹងនិងលើកកម្ពស់វិស័យអប់រំនៅតំបន់ដែនទឹកដាច់ស្រយាល។
លោកបណ្ឌិតសភាចារ្យបានបន្ថែមថា ចាប់ពីឆ្នាំ២០១៩នេះទៅ បេក្ខភាពដែលស្ម័គ្រចិត្តទៅបង្រៀននៅក្នុងឃុំទាំង២ខាងលើ មុននឹងដាក់ពាក្យប្រឡងត្រូវជួបជាមុនជាមួយនាយកសាលា ដើម្បីបំពេញកិច្ចសន្យាកុងត្រាឲ្យបានត្រឹមត្រូវ ស្របទៅតាមទម្រង់ច្បាប់ជៀសវាងប្រឡងជាប់ហើយ បែរជាមិនទៅបង្រៀននៅតំបន់ដែលខ្វះខាតនោះ ពុំនោះទេក្រសួងក៏មិនផ្តល់ សញ្ញាប័ត្រនិងក្របខណ្ឌឲ្យដែរទើបទាមទារឲ្យធ្វើកិច្ចសន្យាត្រឹមត្រូវ។
លោក ងី សែត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបងបានបញ្ជាក់ថាក្នុងភូមិសាស្ត្រ ឃុំកោះជីវាំង និងឃុំព្រៃចាស់ ទាំងគ្រូ ទាំងសិស្សបានជួបបញ្ហាលំបាកខ្លាំងទាំងការធ្វើដំណើរ ការស្នាក់នៅដោយសារជាតំបន់ទឹកនិងផ្លូវឆ្ងាយ កន្លងមកមន្ទីរបានបែងចែកបញ្ជូនគ្រូទៅតំបន់នោះជារៀងរាល់ឆ្នាំ ពេលចាប់ប៉ុស្តិ៍ ប៉ុន្តែនៅតែខ្វះខាតដោយសារក្រោយពេលចប់ការកំណត់៣ឆ្នាំ ពួកគាត់បានស្នើពាក្យមកបង្រៀននៅតំបន់គោកវិញអស់។
បច្ចុប្បន្នស្រុកឯកភ្នំមាន១វិទ្យាល័យ អនុវិទ្យាល័យចំនួន៨ សាលាបឋមសិក្សា៣៧ និងមត្ដេយសិក្សាចំនួន២២ ដោយឡែកសម្រាប់គ្រូបង្រៀននៅឃុំកោះជីវាំងនិងឃុំព្រែកចាស់នេះមានគ្រូក្របខ័ណ្ឌចំនួន៤៩នាក់ ស្រី១៦នាក់ និងគ្រូកិច្ចសន្យាចំនួន២៩នាក់ ក្នុងនោះគ្រូស្រីចំនួន២៣នាក់៕