ពិធីប្រកាសផ្ទេរភារកិច្ចផ្លាស់ប្តូរតំណែងស្នងការនគរបាលខេត្តកំពង់ឆ្នាំង នឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០១៩ខាងមុខនេះ ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿន អគ្គស្នងការនគរបាលជាតិនិងលោកឈួរច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំង។
មន្ត្រីជាន់ខ្ពស់នគរបាលជាតិបានទម្លាយឲ្យដឹងថា លោកឧត្តមសេនីយ៍ទោ ខូវលី អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនគរបាលជាតិ បានរត់ការយកតំណែងស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានសម្រេចហើយ។
លោកឧត្តមសេនីយ៍ទោ ខូវលីគឺរត់ការតាមរយៈរដ្ឋលេខាធិការម្នាក់នៃក្រសួងមហាផ្ទៃ ដែលមានឥទ្ធិពលនិងស្និទ្ធជាមួយសម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (សុំមិនបញ្ចេញឈ្មោះ)។
គួរបញ្ជាក់ថាស្នងការនគរបាលខេត្តចំនួន៣រូបដែលត្រូវដាក់ឲ្យចូលនិវត្តន៍មានដូចជា៖១.លោកឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការនគរបាលខេត្តព្រៃវែង។ ទី២. លោកឧត្តមសេនីយ៍ទោ ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិននិងទី៣.លោកឧត្តមសេនីយ៍ឡុចវណ្ណារ៉ាស្នងការនគរបាលខេត្តកំពង់ឆ្នាំង។
លោកឧត្តមសេនីវយ៍ទោសេងសុគន្ធ ស្នងការរងនគរបាលរាជធានីភ្នំពេញត្រូវបានប្រកាសតែងតាំងជាស្នងការនគរបាលខេត្តប៉ៃលិន ជំនួសលោកឧត្តមសេនីយ៍ទោ ជា ចាន់ឌិន ដែលត្រូវចូលនិវត្តន៍ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩។ ពិធីផ្លាស់ប្តូរនេះ ធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
លោកឧត្តមសេនីយ៍ត្រីព្រុំសន្ធរដែលជាស្នងការរងនគរបាលរាជធានីភ្នំពេញបានចូលកាន់តំណែងជាស្នងការនគរបាលខេត្តព្រៃវែង ជំនួសលោកឧត្តមសេនីយ៍ទោ ស្រេង ជា ដែលចូលនិវត្តន៍។ ពិធីផ្លាស់ប្តូរមុខតំណែងនេះធ្វើឡើងកាលពីថ្ងៃទី១ខែកុម្ភៈឆ្នាំ២០១៩ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍នេតសាវឿនអគ្គស្នងការនគរបាលជាតិនិងលោកជាសុមេធីអភិបាលខេត្តព្រៃវែងនៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង៕