ខ្មាន់កាំភ្លើងម្នាក់មិនស្គាល់អត្តសញ្ញាណបានស្ទុះទៅយកកាំភ្លើងខ្លីពីក្នុងរថយន្ដម៉ាកព្រូសមកភ្ជង់យុវជនពីរបីនាក់ទៀតរួចទះកំភ្លៀងពីរបីដៃម្នាក់ ហើយពោលពាក្យថា ហែងមើលមុខសង្សារអញ្ញ ចង់ញ៉ែសង្សារអញ្ញមែន បន្ទាប់ពីធ្វើសកម្មភាពវាយនិងភ្ជង់រួចហើយឡើងជិះរថយន្ដចេញទៅបាត់ បង្កឲ្យមានការភ្ញាក់ផ្អើលកាពីវេលាម៉ោង៣ទាបភ្លឺឈានចូលថ្ងៃព្រហស្បតិ៏ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩។
នៅចំណុចកន្លែងលក់ស្រាក្រឡុកមួយកន្លែងនៅក្រោយព្រះបរមរាជវាំងផ្លូវលេខ២១៤ កែងផ្លូវលេខ១៩ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។យុវជនរងគ្រោះឈ្មោះ រុណ ហុង ហៅញាញ អាយុ២២ឆ្នាំ មុខរបរចុងភៅនៅសណ្ឋាគារផារ៉ាហ្គន ស្នាក់នៅបន្ទប់ផ្ទះជួល ផ្លូវ១៤៤ សង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ ភ្នំពេញ។ ចំណែកយុវជនម្នាក់ទៀតជាមិត្តភក្តិ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ឯជនដៃដល់មិនត្រូវស្គាល់អត្តសញ្ញាណទេមិនដឹងថាជាសមត្ថកិច្ចខាងណាឡើយទើបមានកាំភ្លើងកាន់មកគំរាមប្រជាពលរដ្ឋបែបនេះ ។
តាមយុវជនរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុក្រុមខ្លួនមានគ្នា៤នាក់បាននាំគ្នាមកផឹកសុីនៅហាងស្រាក្រឡុកកន្លែងកើតហេតុដោយអង្គុយផឹកសុីបណ្ដើរជជែកគ្នាលេងបណ្ដើរ តែពេលនោះមានបញ្ហាបន្ដិចបន្ដួចព្រោះបានធ្លាក់ថូស្រាបៀរបែកហើយពួកខ្លួនក៍សម្រួលសងថ្លៃថូដល់ម្ចាស់ហាងចប់សព្វគ្រប់រួចរាល់ដែរ។
ស្រាប់តែមួយសន្ទុះក្រោយមកខ្មាន់កាំភ្លើងម្នាក់នោះបានដើរសំដៅទៅរករថយន្ដរបស់ខ្លួនដោយដកយកកាំភ្លើងខ្លី១ដើមមិនស្គាល់ម៉ាក(ព្រោះមិនចេះមើលម៉ាក)ហើយកាន់កាំភ្លើងដើរសំដៅមករកក្រុមខ្លួនដោយស្រែកថា «ហែងមើលមុខសង្សារអញ្ញ ម៉េចចង់ញ៉ែសង្សារអញ្ញមែន» គ្រាន់តែនិយាយរួចក៍ទះកំភ្លៀងមកលើក្រុមខ្លួនចំនួនពីរនាក់ចំក្បាលចំនួន២ដៃស្ទើរផ្កាប់មុខនិងទះជនរងគ្រោះបីកំភ្លៀងទៀតហើយឡើងជិះឡានចេញទៅបាត់។
ពេលនោះមិត្តភក្ដិខ្លួនទាំងអស់បាននាំគ្នាចេញពីហាងនោះទៅផ្ទះរៀងៗខ្លួនដោយពួកគេមិនបានមកប្ដឹងផ្ដល់អីទេ តែចំពោះខ្លួនដែលមិនដឹងអីសោះបែរជាគេមកវាយទទេៗបែបនេះគឺមិនសុខចិត្តទេទើបមកប្ដឹងសមត្ថកិច្ចប៉ុស្ដិ៍ជ័យជំនះឲ្យជួយស្រាវជ្រាវរកមុខជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់ជាធរមាន ៕