ភ្នំពេញ ៖ ក្រោយពីព្រះរាជអាជ្ញា ធ្វើការសាកសួរ និងចោទប្រកាន់ជនសង្ស័យឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ ពីបទ «ញុះញង់ឲ្យមានការរើសអើង» រួចមក ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក៏បានសម្រេចឃុំខ្លួនជនសង្ស័យ នៅពន្ធនាគារព្រៃស នាល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ។
ជនសង្ស័យ យិន ហេង ត្រូវបានចោទប្រកាន់ពីបទ ញុះញុងអោយមានការរើសអើង តាមមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ តាមបទចោទអាចមានទោសជាប់ពន្ធនាគារ ពី១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀល ទៅ៦លានរៀល ប្រសិនបើការញុះញង់នេះ គ្មានប្រសិទ្ធភាពទេ ។
សូមជម្រាបថា កម្លាំងនរគបាលខណ្ឌដូនពេញ បានបញ្ជូនខ្លួនជនសង្ស័យ យិន ហេង ទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលម៉ោង២ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ បន្ទាប់ពីកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងនគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនយុវជន យិន ហេង នៅចំណុចហាងកាហ្វេមួយកន្លែង ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ក្បែរព្រះបរមរាជវាំង កាលពីម៉ោង៨និង៣០នាទីយប់ថ្ងៃទី០៥ កុម្ភៈ ។
បើតាមលោក លី សុផាណា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យតុលាការសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា នៅម៉ោង១៨និង០៥នាទី ប៉ូលិសបាននាំជនត្រូវចោទ ទៅឃុំខ្លួន នៅ«ម១»ព្រៃស ហើយ ៕