ភ្នំពេញៈ មន្ត្រីនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី បានឲ្យដឹងពីម្សិលមិញថា ស្រូវប្រាំងរបស់ពលរដ្ឋចំនួនជាង ២ ម៉ឺនហិកតា ស្ថិតនៅក្នុងខេត្តចំនួន ៩ កំពុងត្រូវបានអាជ្ញាធរជួយបូមទឹកសង្គ្រោះ ខណៈស្រុកចំនួន ៣ នៅខេត្តបាត់ដំបងក៏កំពុងជួបគ្រោះរាំងស្ងួតស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់ដែរ។
បើតាមលោកកែវ វី បានប្រាប់ភ្នំពេញប៉ុស្ដិ៍ ពីម្សិលមិញ គឺ ខេត្តទាំង ៩ ដែលមន្ត្រីជំនាញបាននិងកំពុងជួយបូមទឹកសង្គ្រោះស្រូវប្រាំងប្រជាពលរដ្ឋនោះ រួមមាន ខេត្តបន្ទាយមានជ័យ សៀមរាប ស្វាយរៀង ព្រៃវែង កណ្ដាល កំពង់ធំ បាត់ដំបង កំពង់ស្ពឺ និងខេត្តពោធិ៍សាត់។ ស្រូវប្រាំងដែលកំពុងត្រូវបានសង្គ្រោះនោះ សរុបមានចំនួន ២៣ ០០០ ហិកតា។
លោកកែវ វី និយាយថា នៅខេត្តបាត់ដំបងកំពុងមានការប៉ះពាល់តិចតួចសម្រាប់ផលដំណាំនានា ប៉ុន្ដែនៅស្រុកចំនួន ៣ គឺស្រុករុក្ខគិរី មោងឫស្សី និងស្រុកគាស់ក្រឡ កំពុងមានការប៉ះពាល់ ខ្លាំងចំពោះទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់ពលរដ្ឋ ដោយសារតំបន់ស្រុកទាំង ៣ នោះមានអាងទឹកធំមួយ ប៉ុន្ដែត្រូវ បានរីងស្ងួតបាត់ទៅហើយ។
លោកកែវ វី បញ្ជាក់ថា៖ «ឥឡូវនេះ វាមានខ្លះៗទេ ប៉ុន្ដែស្ថានភាពដែលយើងគិតថា វាធ្ងន់ធ្ងរ គឺមិនទាន់មានទេ ហើយការខ្វះខាតទឹកនេះ គឺវាមានស្ទើរតែគ្រប់ខេត្តហ្នឹង ចាប់តាំងពីខែធ្នូមក ប៉ុន្ដែខេត្តខ្លះមិនទាន់មានការខ្វះខាតទឹកខ្លាំង ដោយសារវាមានប្រភពទឹកផ្សេងៗបើកបញ្ចេញទឹក ឬបូម និងអន្តរាគមន៍ទឹកសង្គ្រោះទាន់ពេលវេលា ហើយខេត្តបាត់ដំបងក៏យើងកំពុងយកចិត្តទុកដាក់ខ្លាំង ព្រោះទីនោះកំពុងខ្វះទឹកប្រើប្រាស់»។
លោកបន្ថែមថា មន្ត្រីជំនាញបានសិក្សាប្រភពទឹកនៅស្រុកមោងឫស្សីរួចហើយ ដោយមានតែប្រភពទឹកក្រោមដីប៉ុណ្ណោះ ដែលអាចយកមកប្រើប្រាស់បាន រីឯស្រុកគាស់ក្រឡ ពី ១ ឆ្នាំទៅ ១ ឆ្នាំតែងតែខ្វះទឹក និងជួបគ្រោះរាំងស្ងួត ហើយមន្ត្រីបានបូមទឹកពីប្រព័ន្ធបង្ហូរទឹកពីស្រុកផ្សេងមកជួយដែរ។ ចំណែក ស្រុករុក្ខគីរី មានស្ថានដីខ្ពស់ជាងបណ្ដាស្រុកផ្សេងៗក្នុងខេត្តបាត់ដំបងដែលធ្វើឲ្យពិបាកក្នុងការរកប្រភពទឹក ហើយប្រសិនមានការខ្វះខាតទឹកបែបនេះ គឺមានតែប្រភពទឹកក្រោមដីប៉ុណ្ណោះដែលអាចជួយពួកគាត់។
លោកចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម កាលពីម្សិលមិញមិនទាន់អាចទាក់ទងសុំការបញ្ជាក់បានទេ។
ចំណែក លោកយិន សាវុធ និងលោក ម៉ៅ ហាក់ អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយម ពីម្សិលមិញ បដិសេធ ធ្វើអត្ថាធិប្បាយ ដោយប្រាប់ថា លោកគ្រាន់តែបានទទួលព័ត៌មាននេះ ប៉ុន្ដែរបាយការណ៍លម្អិតលោកទាំង ២ មិនទាន់បានទទួលទេ។
ពាក់ព័ន្ធករណីនេះសារព័ត៌មានក្នុងស្រុក Fresh News ចេញផ្សាយ ពីម្សិលមិញ ថា លោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចាត់តាំងក្រុមការងារមួយក្រុមដឹកនាំដោយលោក ចាន់ យុត្ថា រដ្ឋលេខាធិការចុះរៀបចំហេដ្ឋារចនាសម្ព័ន្ធដើម្បីនាំទឹកពីទីតាំងផ្សេងមកផ្គត់ផ្គង់ស្រុកមោងឫស្សី ដោយត្រូវនាំទឹកពីស្រុករតនមណ្ឌលចម្ងាយប្រមាណជាង ១០០ គីឡូម៉ែត្រ។
លោក ចាន់ យុត្ថា ដែលបានដឹកនាំក្រុមការងារនេះប្រាប់ Fresh News ថា សម្រាប់ខេត្តបាត់ដំបង ស្រុកដែលប្រឈមនឹងកង្វះខាតទឹកប្រើប្រាស់មាន ៣ ស្រុក គឺស្រុករុក្ខគិរី ស្រុកមោងឫស្សី និងស្រុកគាស់ក្រឡ តែចំពោះស្រុកគាស់ក្រឡបានដោះស្រាយរួចហើយ។
លោកថាចំពោះស្រុកមោងឫស្សីអាចនឹងប្រឈមក្នុងរង្វង់មួយសប្ដាហ៍ខាងមុខ តែបញ្ហានេះក្រសួងបានពិនិត្យឃើញជាមុន និងបានត្រៀមលក្ខណសម្បត្តិ សម្រាប់ការជួយអន្តរាគមន៍មួយជំហានរួចហើយ។ បច្ចុប្បន្នក្រុមការងារ បាននិងកំពុងស្ដារប្រឡាយប្រមាណ ៤ បន្ថែមទៀត។
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ពីម្សិលមិញ មិនទាន់អាចទាក់ទងសុំការបញ្ជាក់ជុំវិញករណីនេះបានទេ ដោយទូរស័ព្ទមិនមានអ្នកទទួល។
ជាមួយគ្នានេះដែរ គណៈកម្មការទន្លេមេគង្គកម្ពុជា-ថៃ បានបើកកិច្ចប្រជុំពិភាក្សាគ្នាកាលពីថ្ងៃ ៣១ មករា កន្លងមក ស្ដីពី «កិច្ចសហប្រតិបត្តិការឆ្លងដែនរួមគ្នាសម្រាប់ការគ្រប់គ្រងទឹកជំនន់និងភាពរាំងស្ងួតក្នុងតំបន់ព្រំដែនកម្ពុជា-ថៃ» ដើម្បីលើកស្ទួយជីវភាពពលរដ្ឋនៅជាប់ព្រំដែនប្រទេសទាំង ២ ឲ្យកាន់តែប្រសើរឡើង។
លោកប៉ុញ្ញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា និងជាប្រធានដឹកនាំកិច្ចប្រជុំនេះបានលើកឡើងថា បញ្ហាទឹកជំនន់ និងភាពរាំងស្ងួតនាប៉ុន្មានឆ្នាំចុងក្រោយនេះមានភាពមិនទៀងទាត់ ដោយសារការប្រែប្រួលអាកាសធាតុ ដែលទាមទារឲ្យមានការចូលរួមផ្ដល់ព័ត៌មានគ្រប់ជ្រុងជ្រោយពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីត្រៀមបង្ការ និងទប់ស្កាត់បញ្ហាឲ្យមានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវខ្ពស់។
លោកថ្លែងថា៖ «ពេលខ្លះភ្លៀងធ្លាក់តែមួយមេទេ តែដោយសារទឹកហូរពីទីខ្ពស់ចុះក្រោម ហើយស្រុកសាលាក្រៅខេត្តប៉ៃលិនរបស់កម្ពុជាមានរយៈកម្ពស់ទាបជាងខេត្តចាន់បូរីប្រទេសថៃ ដូច្នេះពេលមានភ្លៀងធ្លាក់ខ្លាំងនៅព្រំដែនខេត្តទាំង ២ នេះ គឺធ្វើឲ្យស្រុកសាលាក្រៅនៃខេត្តប៉ៃលិនយើងខ្ញុំមានការជន់លិច»។
លោកបន្តថា៖ «ការផ្ដល់ព័ត៌មានគ្នាទៅវិញទៅមករវាងអាជ្ញាខេត្តជាប់ព្រំដែននៃប្រទេសទាំង ២ គឺសំខាន់ណាស់ ដើម្បីជួយគ្នាក្នុងការត្រៀមបង្ការ និងទប់ស្កាត់គ្រោះមហន្តរាយដោយទឹកជំនន់បានទាន់ពេលវេលា»។
ចំណែកលោក Suchart Sirijung Sakul ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិទន្លេមេគង្គថៃបានថ្លែងថា ដើម្បីធ្វើឲ្យគម្រោងកិច្ចសហប្រតិបត្តិការនេះដំណើរការប្រកបដោយផ្លែផ្កាគឺ ទាមទារឲ្យមានការចូលរួមមតិពីគ្រប់ជ្រុងជ្រោយនៃភាគីពាក់ព័ន្ធសម្រាប់គម្រោងនេះ។
លោកបន្តថា កិច្ចប្រជុំនេះគឺជាវេទិកាមួយសម្រាប់សិក្សារួមគ្នាអំពីបញ្ហាប្រឈមនៃការគ្រប់គ្រងទឹកជំនន់និងភាពរាំងស្ងួតនៅតំបន់ព្រំដែននៃប្រទេសទាំង ២ ដើម្បីអនុវត្តផែនការសកម្មភាពជំហានបន្តបន្ទាប់ទៀត។
លោកបានថ្លែងទៀតថា៖ «យើងចង់បានផែនទីបង្ហាញផ្លូវរួមគ្នាមួយ សម្រាប់អនុវត្តផែនការសកម្មភាពគ្រប់គ្រងទឹកជំនន់និងភាពរាំងស្ងួត ក្នុងតំបន់ព្រំដែនប្រទេសយើងទាំង ២ ឲ្យមានប្រសិទ្ធភាព»។
ក្នុងកិច្ចប្រជុំនោះក៏មានក្រុមមន្ត្រីជំនាញផ្នែកប្រឹក្សាយោបល់មកពីអង្គការ JBA Consulting បានលើកឡើងអំពីគ្រោះទឹកជំនន់ និងភាពរាំងស្ងួត ដែលបានកើតឡើងនាពេលកន្លងមកដែរ នៅក្នុងស្រុកមួយចំនួនជាប់ព្រំដែនកម្ពុជា-ថៃ ដូចជា នៅស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជា ដែលនាំឲ្យមានការបង្កើតគម្រោងស្ដារឡើងវិញនូវអាងស្តុកទឹក និងប្រព័ន្ធធារាសាស្ត្រមួយចំនួនទៀត ដើម្បីបញ្ចៀសគ្រោះទឹកជំនន់និង អាចរក្សាទឹកទុកប្រើប្រាស់និងស្រោចស្រពពេលជួបនឹងគ្រោះរាំងស្ងួត៕