តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មន្ត្រីប៉ូលិសនិង ភាគីម្ខាងទៀត នៅផ្ទះក្បែរគ្នា ផឹកស៊ីស្រវឹង ស្រែកឌឺដងក្លាយជា ជម្លោះពាក្យសម្តី ឈានដល់ ដកអាវុធភ្ជង់គ្នាទៅវិញទៅមក និង បាញ់គំរាមគ្នា ចំនួន៣គ្រាប់ផ្ទួនៗ កាលពីវេលាម៉ោង៤និង៤០នាទីល្ងាច ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលស្ថិតនៅចំណុចផ្ទះលេខ មុខគ្លីនិក មួយកន្លែង យីហោ កង សំអូន ផ្លូវ១៣៩ សង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ប៉ុន្តែមិនបង្កឲ្យភាគីណា រងរបួសឡើយ។
សាក្សីបានដឹងថា នៅមុនពេលកើតហេតុ គេឃើញ បុរស២នាក់ បានឈ្លោះទាស់សំដីគ្នា បិទបាំងផ្លូវមិនឲ្យដើរ ស្រាប់តែពេលនោះ ក៏បានឈ្លោះប្រកែកគ្នារហូតឈានដល់ការយកអាវុធមកភ្ជង់គ្នាទៅវិញទៅមក ចំនួន ៣គ្រាប់ផ្ទួនៗគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ដោយមានការភិតភ័យយ៉ាងខ្លាំង។
ភ្លាមៗនោះ គេក៏ឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌ៧មករា ចុះមកអន្តរាគមន៍ភ្លាមៗនិង ឃាត់ខ្លួនបុរសម្នាក់បញ្ជូនទៅធ្វើការសាកសួរនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា។ ចំណែកឯភាគីម្ខាងទៀត ដែលជាមន្ត្រីនគរបាល បានរត់គេចខ្លួនបាត់ស្រមោលតែម្តង។ពាក់ព័ន្ធនឹងករណីផ្ទុះអាវុធខាងលើនេះ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ៧មករា មិនទាន់អាចធ្វើការបញ្ជាក់បាននៅឡើយទេ ដោយពេលនេះ លោកកំពុងស្រាវជ្រាវរកមូលហេតុ៕