ភ្នំពេញ ៖ ទោះបីជានៅប្រទេសថៃ និងនៅប្រទេសវៀតណាម ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានបញ្ហាខ្យល់កខ្វក់កើតឡើង រហូតដល់មានការប្រកាសឲ្យប្រុងប្រយ័ត្នយ៉ាងណាក៏ដោយ ក៏នៅប្រទេសកម្ពុជា មិនមានផលប៉ះពាល់អ្វីទេ ។
នៅថ្ងៃទី០២ កុម្ភៈ ២០១៩ នៅតាមសារ(Messenger)តាមហ្វេសប៊ុក មានការចែកចាយនូវសំឡេងរបស់បុរសម្នាក់ ដែលមានរយៈពេល ៤៤វិនាទី ដែលសារនោះ បានលើកឡើងថា ក្រសួងសុខាភិបាល បានប្រជុំផ្ទៃក្នុងនៅព្រឹកថ្ងៃទី០២ កុម្ភៈ នេះហើយបានលើកឡើងថា ឥទ្ធិពលខ្យល់កខ្វក់ ផ្សែងពុល ដែលកើតឡើងនៅប្រទេសថៃ និងប្រទេសវៀតណាម នៅពេលនេះ បានមកដល់ប្រទេសកម្ពុជាយើងហើយ ។ ប៉ុន្តែក្រសួងសុខាភិបាល ក៏ដូចជា រាជរដ្ឋាភិបាល មិនទាន់ប្រកាសជាសាធារណៈ ជាផ្លូវការនៅឡើយទេ ។
ភ្លាមៗ ក្រសួងសុខាភិបាល តាមរយៈលោកស្រី ឱ វណ្ណឌិន អគ្គនាយកបច្ចេកទេសក្រសួងសុខាភិបាល បានច្រានចោលនូវការលើកឡើង ដែលគេចែកចាយតៗគ្នា តាមហ្វេសប៊ុកនៅថ្ងៃនេះ ថា «ព័ត៌មាននោះ ជាពាក្យចចាមរ៉ាម ខណៈដែលក្រសួងសុខាភិបាល មិនទាន់ទទួលបានព័ត៌មានអ្វីទាំងអស់» ។
ដោយឡែក ក្រសួងបរិស្ថានបានអំពាវនាវដល់ប្រជាពលរដ្ឋ កុំអោយមានការព្រួយបារម្មណ៍ ពីបញ្ហាការបំពុលខ្យល់ពីប្រទេសថៃ ខណៈដែលមន្ត្រីជំនាញបានវាកម្រិតខ្យល់រួចហើយ គឺគ្មានសារធាតុពុលនោះឡើយនៅភ្នំពេញ និងតាមបណ្តាខេត្តនានា ។
ជាមួយគ្នានេះ មន្ត្រីជំនាញរបស់ក្រសួងបរិស្ថាន បានបន្តតាមដានខ្យល់ ជាប្រចាំ និងវាយតម្លៃរៀងរាល់ ២៤ម៉ោងម្តង។ រីឯលទ្ធផលជាបន្តបន្ទាប់របស់អ្នកជំនាញ បញ្ជាក់ថា បរិយាកាសខ្យល់អាកាស នៅប្រទេសកម្ពុជាយើង មានគុណភាពល្អធម្មតា។
លោក នេត្រ ភត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់អោយដឹងថា បញ្ហាបំពុលខ្យល់នៅក្នុងប្រទេសថៃមកដល់ពេលនេះ ពុំបានសាយភាយមកដល់កម្ពុជាឡើយ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសកុំមានការព្រួយបារម្ភអោយសោះ ។
លោក នេត្រ ភត្រា បានអះអាងថា បច្ចុប្បន្ននេះ ទោះបីជានៅប្រទេសថៃ និងនៅប្រទេសវៀតណាម ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានបញ្ហាខ្យល់កខ្វក់កើតឡើង ក៏ស្ថានភាពខ្យល់នៅក្នុងប្រទេសកម្ពុជាមានលក្ខណៈល្អប្រសើរ ដោយស្ថិតនៅចន្លោះពី ១០ដល់២០ ជាកំរិតមួយធម្មតា ហើយកំរិតដែលប្រុងប្រយ័ត្ន គឺនៅកំរិត៥០ឡើងទៅ ។
ការអំពាវនាវរបស់ក្រសួងបរិស្ថាន ក៏ដូចក្រសួងសុខាភិបាល នាពេលនេះ បានធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួនរដ្ឋនៅរាជធានីភ្នំពេញ ក៍ដូចជានៅតាមបណ្ដាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានបង្ហាញការព្រួយបារម្ភ ពីបញ្ហាសុខភាព ខណៈដែលនៅប្រទេសថៃ មានបញ្ហារខ្យល់កខ្វក់នៅទូទាំងប្រទេស ។
យោងតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ បានអោយដឹងថា ដោយសារឥទ្ធិពលខ្យល់កខ្វក់ PM2.5 នៅតំបន់មួយចំនួននៅក្នុងប្រទេសថៃ មានការកើនឡើង ជាលំដាប់ ដែលបណ្ដាលអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នៅទីក្រុងបាងកក និងខេត្តជាច្រើនដូចជា ខេត្តសាមុទ្រប្រាកាន សមុទ្រសាខន នន្ទបុរី ណាខនប៉ាធុមជាដើម បានធ្លាក់ចុះខ្លាំងដល់កម្រិតគ្រោះថ្នាក់ ដោយមានកម្ទេចធូលីជាច្រើន ។ ជាមួយគ្នានេះរដ្ឋាភិបាលថៃ បានប្រកាសអោយសាលារៀន និងគ្រឹះស្ថានអប់រំមួយចំនួនបិទដំណើរការជាបណ្តោះអាសន្នក្នុងគោលបំណងការពារសុវត្ថិភាពរបស់សិស្ស ៕
ប្រភព៖ https://kbn.news