ភ្នំពេញ៖ ចោរជើងខ្លាំងមួយរូប ដែលបានជាប់គុកចំនួន២លើករួចមកហើយ ត្រូវបានកងរាជអាវុធហត្ថស្រាវជ្រាវចាប់ខ្លួនជាលើកទី៣ ដោយបានប្រព្រឹត្តបទល្មើសលួចចូលផ្ទះគាស់ទំលុះ យកសម្ភារមានតម្លៃ ប្រាក់ និងរថយន្តទំនើប លុចស៊ីស៥៧០ មួយគ្រឿង ។
បើតាមរបាយការណ៍ពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអោយដឹងថា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង០៧:៣០នាទីយប់ មានករណីចោរកម្មលួចចូលផ្ទះគាស់ទំលុះទំលាយយកសម្ភារៈមានតម្លៃ នៅចំណុចផ្ទះលេខ២៨ ផ្លូវD០១ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 

ក្រោយពេលទទួលបានពាក្យបណ្តឹង សមត្ថកិច្ចកងរាជអាវុធហត្ថ បានសហការគ្នាបើកការ ស្រាវជ្រាវរហូតកំណត់មុខសញ្ញា និងឃាត់ខ្លួន ជនសង្ស័យ ០២នាក់ ឈ្មោះ អាត រដ្ឋា និងឈ្មោះ ពូន សុខគន្ធ ព្រមទាំងដកហូតរថយន្ត ០១គ្រឿង ម៉ាកRav4 ក៏ប៉ុន្តែជនសង្ស័យមិនព្រមសារភាព និងសហការណ៍ផ្តល់ព័ត៌មាន ដល់សមត្ថកិច្ចឡើយ។

 

ដោយវិធានការណ៍ជំនាញ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ អាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវ រហូតឈានដល់ធ្វើការកំណត់គោលដៅ និងរកឃើញរថយន្តមួយគ្រឿងទៀត ម៉ាក លុចស៊ីស ៥៧០ ដែលជនសង្ស័យយកទៅលាក់ទុកក្នុងផ្ទះគ្មានលេខ ផ្លូវ៤៨BT ភូមិក្បាលទំនប់១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ត្រលប់មកវិញប្រគល់ជូនជនរងគ្រោះ ។

 

ជាមួយគ្នានេះ សមត្ថកិច្ច បានស្រាវជ្រាវឃើញថា ឈ្មោះ អាត រដ្ឋា គឺជាជនដៃដល់ដែលបានចូលលួចទ្រព្យសម្បត្តិ និងរថយន្តផ្ទាល់ ជាមួយដៃគូម្នាក់ផ្សេងទៀត ឈ្មោះ សុខ វណ្ណា ។
អ្វីដែលអស្ចារ្យនោះ គឺ ឈ្មោះ អាត រដ្ឋា នេះ ធ្លាប់ជាប់គុក ០២ដងរួចមកហើយ ពាក់ព័ន្ធករណីលួចរថយន្តទំនើបៗយ៉ាងសកម្មនៅតាមបុរី ដោយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនលើកទី១ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៣ ហើយត្រូវបានតុលាការបង្គាប់ឲ្យឃុំខ្លួននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ និង ឃាត់ខ្លួនលើកទី២ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ហើយត្រូវបានតុលាការបង្គាប់ឲ្យឃុំខ្លួន នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ។

 

នេះជាលើកទី៣ ដែលឈ្មោះ អាត រដ្ឋា ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារ រីឯដៃគូរឈ្មោះ សុខ វណ្ណា ដែលបានចូលរួមលួចជាមួយគ្នា និងទើបចេញពីគុកជាមួយគ្នាកាលពី ០៤ខែមុន បច្ចុប្បន្នបានគេចខ្លួនរួច ។ រាល់ពេលសមត្ថកិច្ចឃាត់ខ្លួនម្តងៗ ឈ្មោះ អាត រដ្ឋា បានប្រើឈ្មោះផ្សេងៗគ្នា រួមមាន ឈ្មោះអាត រដ្ឋា ឬ គង់មាន ឬ រុំ រដ្ឋា ហៅមាន ឬ ប៉ូយ។