ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានប្រកាសជាផ្លូវការថា នៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០១៨ ខានស្អែក តម្លៃសាំងនឹងចុះចំនួន ១៦០ រៀលក្នុងមួយលីត្រ។ នេះបើតាមប្រសាសន៍សម្តេច ហ៊ុន សែន ក្នុងពិធីបើកសម្ពោធការដ្ឋានសាងសង់ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ។
«ថ្ងៃខានស្អែកគឺថ្ងៃ ០១ គឺជាថ្ងៃប្រេងទាំងអស់នៅតាមស្ថានីយ៍ត្រូវចុះ ១៦០ រៀល…ព្រោះនេះជាការគិតគូរ ដែលបានមកពីការគិតគូររបស់រដ្ឋាភិបាល ជាមួយ ដែលត្រូវសហការជាមួយវិស័យឯកជន។ ខាងផ្នែករាជរដ្ឋាភិបាលត្រូវបង់ថ្លៃក្នុងរង្វង់ ៣០ លានដុល្លារ គឺដើម្បីទម្លាក់ថ្លៃប្រេងក្នុងមួយលីត្រ ២ សេនដុល្លារ ស្មើនឹង ៨០រៀល…២សេន ព្រោះ១សេនស្មើនឹង ៤០ រៀល ២សេនស្មើ ៨០។
ឯវិស័យឯកជនត្រូវចុះតម្លៃ ២ សេនដូចគ្នា គឺ ៨០ រៀលខាងវិស័យឯកជន និង ៨០ រៀលខាងវិស័យរដ្ឋ ដើម្បីផ្តល់នូវផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋដែលប្រើប្រាស់ប្រេងឥន្ទនៈ»។ ប្រសាសន៍ប្រមុខរដ្ឋាភិបាលកម្ពុជា។
លោកក៏បានបញ្ជាដល់ក្រសួងពាណិជ្ជកម្ម និង អាជ្ញាធរដែនដីដែលមានហាងសាំងនៅគ្រប់ទីកន្លែង ត្រូវមើលទាំងអស់ ដើម្បីការពារការខាតបង់របស់រដ្ឋ និងវិស័យឯកជន ដែលខំផ្តល់ជួនប្រជាពលរដ្ឋ៕