សមត្ថកិច្ចនគរបាលសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃនិងសមត្ថកិច្ចចិនបានសហការគ្នាឈានដល់ចាប់ជនជាតិចិនប្រុស.ស្រីចំនួន៥៨នាក់នៅកាស៊ីណូបីកន្លែងស្ថិតនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី២១ខែមករាឆ្នាំ២០១៩។ជនជាតិចិនទាំង៥៨នាក់ត្រូវសមត្ថកិច្ចបង្ហើបថាមានពាក់ព័ន្ធនឹងករណីចាប់ជំរិតតាមប្រព័ន្ធអិនធឺណិត។
តាមប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់នៃសាលាដំបូងខេត្តស្វាយរៀងបានឱ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២២ខែមករាឆ្នាំ២០១៩នេះថាៈជនជាតិចិនទាំងអស់នេះចាប់បាននៅកាស៊ីណូចំនួន៣កន្លែង។គឺ កាស៊ីណូថៃថិនឃីង(TITANKING ), កាស៊ីណូឡឺម៉ាកាវ (LEMACAU ) និងកាស៊ីណូក្រោន(CROWN) បាវិត ។
ប្រភពខាងលើបានឱ្យដឹងទៀតថាៈការចាប់ខ្លួនជនជាតិចិនទាំង៥៨នាក់នេះគឺធ្វើឡើងក្រោយកម្លាំងសន្តិសុខផ្ទៃក្នុងរបស់ក្រសួងមហាផ្ទៃផ្ទាល់ សហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ។សូមបញ្ជាក់ផងដែរថាៈជនជាតិចិនទាំង៥៨នាក់នោះគឺមានអ្នកខ្លះមានសំណុំឯកសារត្រឹមត្រូវ។ប៉ុន្តែបានសុំទៅជាមួយអ្នកដែលពុំមានឯកសារដោយសារគេនៅក្នុងក្រុមជាមួយគ្នា។
បច្ចុប្បន្នជនជាតិចិនទាំង៥៨នាក់នោះត្រូវបានបញ្ជូនមកកាន់នាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃហើយដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕