ក្រុមអ្នកញៀនល្បែងតាមប្រព័ន្ធអ៊ិនធើណែត បានអះអាងថា PMចាប់មិនបានប៉ុន្មានថ្ងៃផង ក៏ជំរិតទារលុយអស់ម្នាក់ៗ១,០០០$ រីឯម៉ូតូ១គ្រឿងអស់២០០$ ទើបមកផ្ទះវិញបាន។
ការអះអាងបែបនេះបន្ទាប់ពីមានការបង្ក្រាបក្រុមអ្នកលេងល្បែងជល់មាន់តាមកញ្ចក់ទូរទស្សន៍ ពីសំណាក់ក្រុមសមត្ថកិច្ច កងរាជអាវុធហត្ថខេត្តតាកែវ ។ហើយក៏ផ្ទុះរឿងមិនប្រក្រតីមួយដោយមានការចោទចំៗមកលើលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ ទទួលផែនយុត្តិធម៌ ថាបានជំរិតទារលុយពីពួកគាត់យ៉ាងច្រើន ជាថ្នូរនិងការដោះលែងឲ្យមកផ្ទះ,,,?។
ប្រតិបត្តិការនោះឃាត់ខ្លួនបានជនសង្ស័យ០៧នាក់ និងម៉ូតូ២៧គ្រឿង ប៉ុន្តែម៉ូតូទាំងនោះខ្លះត្រូវបានដោះលែងរីឯខ្លះទៀតនៅរក្សាទុក។ក្រុមអ្នកញៀនល្បែងបញ្ជាក់ថា លោក ង៉ែត ចាន់ធី បានជំរិតទារប្រាក់ពីពួកខ្លួនអស់ម្នាក់១,០០០$ ជាកំហិតទើបអាចទៅផ្ទះវិញបាន។លើសពីនេះទៅទៀតមន្ត្រីPMរូបនេះបានកំណត់ទារយកពីម៉ូតូទាំង២៧គ្រឿងអស់១គ្រឿងតម្លៃ២០០$ ទើបឲ្យយកទៅផ្ទះបាន។
សេចក្ដីរាយការណ៍បានឲ្យដឹងទៀតថា ក្រុមប្រជាពលរដ្ឋដែលត្រូវបានចាប់ខ្លួននោះ មានអ្នកខ្លះគ្រាន់តែទៅអង្គុយលេងផឹកកាហ្វេ មិនបានលេងល្បែងភ្នាល់មាន់តាមកញ្ចក់ទូរទស្សន៍ ក៏ត្រូវរងការចាប់ខ្លួនជម្រិតទារលុយពីលោកមេបញ្ជាការរងដែរ ខណៈពេលដោះខ្លួនចង់មកផ្ទះ។
គួរម្លឹកថា កាលពីវេលាម៉ោង១៥និង១៥នាទីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ នៅចំណុចភូមិវះពោះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។លោក ង៉ែត ចាន់ធី មេបញ្ជាការងកងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបក្រុមអ្នកលេងល្បែងជល់មាន់តាមកញ្ចក់ទូរទស្សន៍។ក្នុងនោះឃាត់ខ្លួនបានជនសង្ស័យ០៧នាក់ និងម៉ូតូ២៧គ្រឿង ប៉ុន្តែម៉ូតូទាំងនោះខ្លះត្រូវបានដោះលែងរីឯខ្លះទៀតនៅទេ។
ក្រោយការចាប់ខ្លួនមិនបានប៉ុន្មានថ្ងៃផងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះបែរជាលេចឮដំណឹងថា លោកមេបញ្ជាការរងប៉េអឹមមួយរូបនេះថា បានជំរិតទារលុយពីពួកគាត់យ៉ាងក្រាស់ក្រែលទៅវិញជាថ្នូរនឹងការយកម៉ូតូឬដោះលែងឲ្យត្រឡប់ទៅផ្ទះ។
ជុំវិញករណីនេះដែរលោក ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវបានប្រាប់អ្នកសារព័ត៌មាន តាមទូរស័ព្ទឲ្យដឹងថា លោកមិនបានដឹងនោះទេ ក្នុងរឿងនេះព្រោះលោកទើបតែចុះពីយន្តហោះ លោកទើបតែត្រលប់មកពីព្យាបាលជំងឺ ។
ពាក់ព័ន្ធនឹងករណីនេះ ក្រុមប្រជាពលរដ្ឋបានសំណូមពរសូមឲ្យសម្តេចតេជោ មេត្តាជួយរកយុត្តិធម៌ ឲ្យពួកគាត់ផង ដោយសារតែការភ័យខ្លាចពេក ពួកត្រូវបង្ខំចិត្ត ឲ្យសាច់ញាតទៅខ្ចីបុលគេ។ដើម្បីរំដោះខ្លួន ហើយគ្រួសារនីមួយៗសុទ្ធតែជំពាក់បំណុលគេពីទៅបីស្ថាប័នទៀតផង គ្មានអ្វីទីពឹងឡើយ មិនសមណាជំរិតទារលុយ ពីពួកគាត់បានសម្រេចបែបនេះសោះ? ៕