ខណៈដែលកំពិសទន្លេកាន់តែពិបាករក អ្នកនេសាទរកបានតិចទៅៗ នោះវាបានជម្រុញឲ្យកំពិសកាន់តែកើនឡើងជាបន្ទាប់។
កត្ដាទាំងនេះហើយដែលលោកអ្នកមិនគួរមើលរំលងរបរចិញ្ចឹមកំពិសនេះឡើយ ព្រោះវាសម្បូរទីផ្សារខ្លាំងណាស់។
ថ្ងៃនេះ Business Cambodia នឹងនាំលោកអ្នកទៅដឹងពីបច្ចេកទេសចិញ្ចឹមកំពិសក្នុងស្រះ ចំណាយដើមទុនតិច និងទទួលផលបានខ្ពស់។ ខាងក្រោមនេះជាបច្ចេកទេសចិញ្ចឹមកំពិស៖
១.ការរៀបចំស្រះសម្រាប់ចិញ្ចឹម
– រៀបចំជីកស្រះមានជម្រៅ ៧០សង់ទីម៉ែត្រ ទទឹង ២ម៉ែត្រ និងបណ្តោយ ៤ម៉ែត្រ
– ដាក់ក្រាលផ្ទាំងប្លាស្ទិច រួចដាក់ល្បាយដីលាយភក់បាតត្រពាំងកំរាស់ប្រមាណ ៥សង់ទីម៉ែត្រ។
– ដាក់បញ្ចូលទឹកទុកកម្ពស់ប្រមាណ ៨ សង់ទីម៉ែត្រ ពីមាត់ស្រះ ដាក់ថ្នាំសម្លាប់មេរោគរួចទុកចោលប្រមាណ ៧-១០ថ្ងៃ។
– ដាក់សារាយទឹកសាប ត្រកួន និងស្មៅចូលទៅក្នុងស្រះ
២.របៀបដាក់ចិញ្ចឹម
– ដាក់ចិញ្ចឹមកំពិសមេធំៗមានពងស្រាប់ប្រមាណ ៥០ កំពិស និងត្រូវលាយកំពិសឈ្មោលខ្លះផង ដាក់ក្នុងអាងក្រៅរយៈពេល៥ថ្ងៃសិន រួចដាក់ចូលស្រះ
– វិធីអាចពិនិត្យគឺ កំពិសញីមានមាឌធំ និងមានពងជាប់នៅពោះ ឯកំពិសឈ្មោលតូចៗ។
៣.របៀបផ្ដល់ចំណី
– ស្ងោរពងទាចំនួន ២ គ្រាប់ រួចបំបែកវាជាបំណែកតូចៗ ហើយយកទៅក្នុងស្រះជា៣កន្លែង ឲ្យចំណីចំនួន ២-៣ដងក្នុងមួយថ្ងៃ។
– លោកអ្នកអាចប្រើចំណីបន្ថែមខ្លះៗដូចជាកាកសំណល់ត្រីសាច់ផ្សេងៗ។
៤.របៀបនៃការថែទាំ
– បន្ទាប់ពីការឲ្យចំណីបានរយៈពេល ១ ខែ លោកត្រូវយកពិលចាំងមើលវានៅពេលពយប់ថាវាមានពងឬនៅ។
– ដើម្បីជួយឲ្យកំពិសឆាប់មានពងគឺ លោកអ្នកត្រូវដាក់ឧបករណ៍ដែលអាចធ្វើឲ្យទឹកក្នុងស្រះនោះវិលចុះឡើងបារយៈពេលប្រមាណ ១០-២០ នាទីក្នុង១ថ្ងៃ ព្រោះកំពិសវាចូលចិត្តទឹកដែលមានលំហូរ ដែលធ្វើឲ្យវាឆាប់កកើតពង។
– ដើម្បីឲ្យកំពិសឆាប់ធំធាត់យើងត្រូវលាយទឹក EM ២ ស្លាព្រាបាយ ស្ករងូ ២ ស្លាព្រាបាយ លាយជាមួយទឹក ១ លីត្ររក្សានៅកន្លែងម្លប់ចំនួន ១ អាទិត្យរួចចាក់ចូលស្រះ ដែលវាអាចជួយសម្លាប់មេរោគក្នុងស្រះនោះ ធ្វើឲ្យកំពិសឆាប់ធំធាត់លឿន។
៥.ការប្រមូលផល
កំពិសត្រូវការរយៈពេលប្រមាណ ១ ខែជាងទៅ ២ ខែសម្រាប់ការធំពេញវ័យ ហើយវាត្រូវការរយៈពេលប្រមាណ ៤ ខែទើបអាចប្រមូលផលបាន៕ Business Cambodia