សុភមង្គលរបស់គ្រួសារអ្នកសិល្បៈវ័យក្មេងមួយគូគឺ គង់ ច័ន្ទស្រីមុំ និង លោក គឹម សីហា តែងត្រូវបានមិត្តភក្ដិក្នុងចង្កោមសិល្បៈ ក៏ដូចជាមហាជនគ្រប់មជ្ឈដ្ឋាន ស្ញើចសរសើរយ៉ាងខ្លាំង ហើយជារឿយៗ ទង្វើស្រឡាញ់ថ្នាក់ថ្នមយកចិត្តទុកដាក់ចំពោះភរិយារបស់លោក គឹម សីហា ក៏តែងធ្វើឱ្យនារីជាច្រើនប្រាថ្នាចង់បានស្វាមីល្អដូចនាង។
ពាក្យសរសើររបស់មហាជនមិនទាន់ផុតពីមាត់ផង ស្រាប់តែថ្មីៗនេះ លោក គឹម សីហា បង្ហោះសារលើហ្វេសប៊ុករៀបរាប់ពីភរិយាសំណព្វចិត្តដែលមានអត្ថន័យទាំងស្រុងថា «ប្រពន្ធ នាងមិនអាចស្អាតគ្រប់ពេល ឬរហូតនោះទេ ហើយនាងក៏ប្រហែលមិនអាច ញញឹម មុខរីកដូចគ្រាប់ជីដាក់អ្នកគ្រប់ ២៤ម៉ោងនោះដែរ តែនាងនឹងក្លាយជា ប្រពន្ធដ៏ល្អបំផុតរបស់អ្នកពេញមួយជីវិត
នាងនឹងក្លាយជាមនុស្សដែលចាំផ្ដល់ស្នាមញញឹម និងកម្លាំងចិត្តដល់អ្នកគ្រប់ពេលដែលអ្នកមិនសប្បាយចិត្ត ឬជួបបញ្ហាការលំបាក នាងនឹងជានារីតែម្នាក់ដែលព្រមនៅក្បែរអ្នក មិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ អ៊ីចឹងហើយ កុំធ្វើឱ្យនាងឈឺចាប់ ឬខូចចិត្តដោយសារតែ សម្ដី ឬទង្វើមិនគប្បីរបស់អ្នកឱ្យសោះ។
អ្នកដទៃ តែងនិយាយថា មនុស្សស្រីជាភេទទន់ជ្រាយ តែប្រពន្ធ ឬម្ដាយ នាងមិនដែលទន់ជ្រាយនោះទេ ហើយក៏មិនដែលចុះចាញ់ ឬរាថយនោះដែរ គ្រប់យ៉ាងក៏ព្រោះតែនាងមានប្ដី និងកូនដែលល្អ ចូលមកក្នុងជីវិតរបស់នាង នាងអាចតស៊ូ លំបាកគ្រប់យ៉ាង ដើម្បីក្រុមគ្រួសាររបស់នាង» ។
បច្ចុប្បន្នគូស្នេហ៍សិល្បៈវ័យក្មេងមួយគូនេះ ទទួលបានចំណងដៃកូនស្រីម្នាក់ហើយ ដែលធ្វើឱ្យគ្រួសារពួកគេកាន់តែមានសុភមង្គលទ្វេដង ៕
ប្រភព៖ ប្រជាប្រិយ