ស្ត្រីម្នាក់នៅក្នុងប្រទេសចិន បានកំពុងទទួលការចាប់អារម្មណ៍ និងអាណិតអាសូរជាខ្លាំង នៅពេលបានដឹងថា នាងត្រូវទទួលរ៉ាប់រងចិញ្ចឹមគ្រួសារដ៏ធំមួយ ជាមួយការងារជាកម្មករលឺស៊ីម៉ង់។
Zhang Fangfang អាយុ ២៩ ឆ្នាំ រស់នៅស្រុក Xiaoxian ទីក្រុង Suzhou, ខេត្ត Anhui ប្រទេសចិន បានឲ្យដឹងថា នាងមានគ្រួសារ និងមានកូនស្រី២នាក់។ នាងពុំមានវិធីអ្វីផ្សេង ដើម្បីផ្លាស់ប្តូរពីការងារជាកម្មករស៊ីម៉ង់ត៍នេះទេ។ ដោយសារតែប្តីរបស់នាងមានជំងឺរលាកសួតដ៏ធ្ងន់ធ្ងរ អស់រយៈពេលជាច្រើនឆ្នាំមកហើយៗ ខណៈពេលនេះកូន២នាក់របស់ពួកគេ ក៏កំពុងសិក្សា និងមនុស្សចាស់ៗទាំងសងខាងក៏ត្រូវការការចិញ្ចឹមទៀតផងនោះ ហេតុនេះ បន្ទុកដ៏ធំនេះក៏ត្រូវធ្លាក់លើរូបនាងជាអ្នករ៉ាប់រងទាំងអស់តែម្តង។
នាងបន្តថា ប្រសិនជានាងពុំចេញរកស៊ី តើបានលុយមកពីណាទៅ តើជីវិតនឹងបន្តរស់នៅដោយរបៀបណា? ។ ហេតុនេះ នាងត្រូវតែបង្ខំចិត្តធ្វើដើម្បីបានប្រាក់ចិញ្ចឹមគ្រួសារ ទោះការងារដែលអាចរកបាននោះលំបាកយ៉ាងណាក៏ដោយចុះ។
ប្តីរបស់នាងឈ្មោះ Yu Bingquan ធ្លាប់ធ្វើការងារជាជាងផ្សារដែកពីមុន ប៉ុន្តែជាអកុសល គាត់បានរងរបួសត្រូវភ្នែក។ ចាប់តាំងពីពេលនោះមក គាត់បានចាប់ផ្តើមធ្វើការខាងលីសែងស៊ីម៉ង។ គាត់កំពុងធ្វើការងារនេះអស់រយៈពេល ៨ ឆ្នាំ មកហើយ។ ការងារនេះប្រឈមនឹងសុខភាពខ្លាំងណាស់ ព្រោះថាវាពោរពេញដោយធូលីប្រឡាក់ស្រមេះស្រមុះយ៉ាងខ្លាំង។ ជំងឺរលាកសួតក៏បានចាប់ផ្តើមកើតឡើងនៅនោះ។
នៅពេលប្តីរបស់នាងធ្លាក់ខ្លួនឈឺ ពុំអាចធ្វើការងារបាន នាងក៏បានសម្រេចចិត្តទៅធ្វើការងារលីស៊ីម៉ង់ត៍នេះ ជាមួយសាច់ញាតិរបស់នាង ដើម្បីបានប្រាក់ផ្គត់ផ្គង់គ្រួសារជំនួសគាត់។
តាមរយៈការងារតស៊ូដ៏លំបាកនេះរបស់នាង ដែលត្រូវបានថតបង្ហោះដោយសាច់ញាតិគ្រួសាររបស់នាង នៅលើបណ្តាញសង្គម បានកំពុងបំផុសគំនិតមនុស្សជាច្រើន ឲ្យមានការតស៊ូក្នុងជីវិត ត្រូវតែរឹងមាំឡើង។
ខណៈដែលហ្វេនៗរហូតដល់ ៧ សែននាក់ កំពុងព្រួយបារម្ភអាណិតអាសូរដល់រូបនាង ស្ត្រីដ៏រឹងមាំរូបនេះបានប្រាប់អ្នកសារព័ត៌មានថា៖ «ប្តីខ្ញុំពុំមានជំងឺមហារីករីកទេ តែគាត់គ្រាន់ប៉ះពាល់សួតប៉ុណ្ណោះ ខ្ញុំមានដៃជើងដូចគេដូចឯង ហេតុនេះ ខ្ញុំពុំត្រូវការការបរិច្ចាគពីសប្បុរសជននោះទេ ដរាបណាដែលរូបខ្ញុំទៅលែងរួច!!»៕
ប្រភព៖ CEN